អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរបានអញ្ជើញចុះសាកសួរសុខទុក្ខនិងសម្រេចសាងសង់ផ្ទះដែកជូនដល់ស្ត្រីមេម៉ាយទុរគតដែលរងគ្រោះដោយអគ្គីភ័យ

(កំពង់ធំ) ៖ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥

លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ស្ត្រីមេម៉ាយ មានឈ្មោះ សន អ៊ត ជាស្ត្រីមេម៉ាយ កូនបួននាក់ ក្នុងបន្ទុក មានទីលំនៅស្ថិតនៅភូមិសម្រិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ បាននាំយកនៅគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា អង្ករ ទឹកស៊ីអ៊ីវ មី ត្រីខ និងគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ដទៃទៀត ជូនដល់ស្ត្រីរងគ្រោះដោយអគ្គីភ័យ និងបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះឧបវៈហេតុដែលកើតឡើងដោយចៃដន្យនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 16 ខែមករា ឆ្នាំ 2025 មានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅភូមិសម្រិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានឆាប់ឆេះផ្ទះមួយខ្នង របស់ស្ត្រីមេម៉ាយម្នាក់ឈ្មោះ សន អ៊ត ដែលប្ដីទើបតែស្លាប់បាត់បង់ជីវិតថ្មីៗនេះ។

ស្ត្រីរងគ្រោះ បានសម្ដែងនូវការត្រេកអរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរកអ្វីព្រឹកស្មើពុំបាន ចំពោះលោកអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ជាស្ត្រីមេម៉ាយនិងក្មេងកំព្រានៅក្នុងគ្រាក្រលំបាកអាសន្ននេះ និងសូមគោរពជូនពរជ័យសិរីមង្គលវិបុលសុខជូនដល់ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរទាំងអស់ផងដែរ សូមប្រកបពុទ្ធពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីភ្លៀងឃ្លាតឡើយ៕