(រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ – ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖
១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកកាន់តំណែងជំនួសសម្តេច គឺជាការផ្សាយដែលមិនយល់ពីរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍របស់គណបក្សនយោបាយនានា ជុំវិញការរៀបចំនិងតែងតាំង សមាសភាពរាជរដ្ឋាភិបាល។
២. ចំពោះការដែលនិយាយថា សម្ដេចក្រឡាហោម ស ខេង តែងតាំង លោក ស រដ្ឋា កូនប្រុសពៅ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺកាន់តែខុសធ្ងន់ទៅទៀត ព្រោះ សម្តេច ក្រឡាហោម ស ខេង ពុំមានសិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីរាជការ និងអ្នកមុខអ្នកការក្នុងក្រសួងមហាផ្ទៃ តទៅទៀតឡើយ ដោយសាររាជរដ្ឋាភិបាលចាស់ត្រូវបានរំសាយ ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
៣. ជារួម ការនិយាយថា សម្តេចក្រឡាហោម តែងតាំងកូនចៅសាច់ញាតិស្អេកស្កះក្នុងក្រសួងមហាផ្ទៃ បែបគ្រួសារនិយម គឺជាការផ្សាយដែលពុំបានស្វែងយល់ពីគោលការណ៍តែងតាំងមន្ត្រីរាជការ ផ្ទុយពីភាពប្រាកដនិយម និងមានចេតនាមូលបង្កាច់ ធ្វើឱ្យមតិសាធារណជនយល់ច្រឡំមកលើភាពស្អាតស្អំរបស់សម្ដេចក្រឡាហោម ស ខេង។ ផ្ទុយមកវិញ មានមហាជនជាសាក្សី សម្តេចក្រឡាហោម ស ខេង ពុំមែនជា បុគ្គលសូនតួនិយម គិតតែអំពីគ្រួសារនិយម ផលប្រយោជន៍ឯកជន ដូចការផ្សព្វផ្សាយនោះឡើយ។ ពោល គឺសម្ដេចក្រឡាហោម ស ខេង ពុំមែនជាបុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺលោកតែងតែតម្កល់សុខទុក្ខប្រជាពលរដ្ឋ ផលប្រយោជន៍មហាជន ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ប្រទេសជាតិជាធំ។
តាមការពិត មហាជនបានដឹងអស់ទៅហើយថា ការផ្សាយរបស់វិទ្យុមួយនេះ មានចរិតបែបណា និងក្នុងគោលបំណងអ្វីនោះ។ និយាយឱ្យចំវិទ្យុនេះលែងជាវិទ្យុវិជ្ជាជីវៈក្នុងរបបសារព័ត៌មានទៀតហើយ គឺក្លាយជាវិទ្យុបម្រើឱ្យមនោគមន៍វិជ្ជាបរទេស និងពួកឧទ្ទាមដែលនិរទេសខ្លួនតែប៉ុណ្ណោះ។ ជាក់ស្ដែង វិទ្យុនេះធ្លាប់បានផ្សាយបទសម្ភាសជាមួយអ្នកវិភាគមានរោគសរសៃប្រសាទម្នាក់ដែលនិរទេសខ្លួនទៅក្រៅស្រុក បាន និយាយថាមានការដោះដូរដីក្រសួងមហាផ្ទៃ។ តែជាការផ្សាយខុសស្រឡះពោលគឺ មិនត្រឹមតែពុំមែនការដោះដូរដូចការផ្សាយ បែរជាមានការសាងសង់អគារទីស្តីការក្រសួងកម្ពស់នជាន់យ៉ាងស្កឹមស្កៃអមដោយ រចនាប័ទ្មខ្មែរយ៉ាងល្អប្រណិត ជាទីមោទករបស់មហាជនគ្រប់និន្នាការទៅវិញ។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីលើករណីនេះ ជាការផ្សាយគ្មានវិជ្ជាជីវៈ និងមានចរិតនយោបាយ ក្នុងគោលបំណងទុច្ចរិតធ្វើឱ្យប្រជាពលរដ្ឋមានការភានច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្ដេចក្រឡាហោម ដែលស្ទើរពេញមួយជីវិត លោកបាន និងកំពុងខិតខំបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមចំណែកយ៉ាងធំធេង ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យមាតុភូមិកម្ពុជារបស់យើង មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងមានការរីកចម្រើនគ្រប់វិស័យ៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ