អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព នៅបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

(ភ្នំពេញ)÷ នាព្រឹកថ្ងៃអាទិត្យ ៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងទៀតថា “ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ “ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

ឯកឧត្តមក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទទួលបន្ទុកជួយកិច្ចការសម្របសម្រួលរវាងសមាគមអ្នកសារព័ត៌មានជាមួយនឹងក្រសួងដែលបានសហការរៀបចំកម្មវិធីបណ្តុះបណ្ដាលនេះឡើងជាបន្តបន្ទាប់។

ឆ្លើយតបទៅនឹងសំណូមពររបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ចំពោះកិច្ចសុំអន្តរាគមន៍ក្រសួងព័ត៌មានដើម្បីស្នើសុំពីរាជរដ្ឋាភិបាលផ្ដល់ប័ណ្ណសមធម៌ជូនអ្នកសារព័ត៌មាន ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានទទួលបាននូវការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីពេទ្យសាធារណៈរបស់រដ្ឋ ឯកឧត្តមក៏បានសន្យាថានឹងពិភាក្សាជាមួយគ្រប់ភាគីក្រសួងពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាអំពីសំណូមពរមួយនេះ ។

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់អង្គភាពព័ត៌មានមួយចំនួន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពលើកទី ៥ នេះ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ជាមួយបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅមុខអគារសេរីភាពប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយក្រៃលែង៕