ភ្នំពេញ ៖ ” ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញទូទាំងប្រទេស ” ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា បានថ្លែងបែបនេះ ក្នុងពិធីអបអរសារទ ទិវាសន្តិភាពនៅកម្ពុជា ដែលបានប្រារព្វឡើង នៅទីស្នាក់ការកណ្តាលសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព កាលពីថ្ងៃទី ២៩ ធ្នូ ២០២៤ ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សមាគមអង្គការសង្គមសុីវិលមួយចំនួន និងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយចំនួន ៧ ព្រមទាំងសមាជិកសមាជិការសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មកពីតាមបណ្ដារាជធានីខេត្តក្រុង សរុបប្រមាណជាង ១០០ នាក់។
ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ហ៊ុន មករា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព បានឡើងអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការបង្កើត ទិវាសន្តិភាពនៅកម្ពុជា ដើម្បីបញ្ជាក់ពីខ្លឹមសារនិងគោលបំណងនៃ ទិវាសន្តិភាពនៅកម្ពុជា ដូចខាងក្រោម៖
ការរៀបចំខួបលើកទី២៦ នៃទិវា“សន្តិភាពនៅកម្ពុជា” (២៩.ធ្នូ.១៩៩៨-២៩.ធ្នូ.២០២៤) ដែលពីមុនប្រសិទ្ធនាមថា ជាទិវានយោបាយឈ្នះៗរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព គឺការស្អប់ខ្ពើមសង្គ្រាម។
ការរៀបចំទិវា “សន្តិភាពនៅកម្ពុជា” នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៍ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព។
ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។
មានមតិថ្លែងសំណេះសំណាលក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលឹកឡើងពីប្រវត្តិនៃការបង្កើតអោយមាន ទិវាសន្តិភាពនៅកម្ពុជា បានរំលឹកអំពី មហន្តរាយនិងគុណវិបត្តិនៃសង្គ្រាមដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ធ្វើឱ្យមនុស្សជាតិនិងប្រទេសជាតិជួបប្រទះវិនាសកម្មដ៏ធំធេងនិងជូរចត់គ្មានថ្ងៃបំភ្លេចបាន ក្នុងនោះ មានការបាត់បង់ជីវិតមនុស្សរាប់លាននាក់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ប្រជាពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិក្នុងការរស់រានមានជីវិតក៏គ្មានដែរ។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ពេលនោះហើយទើបមនុស្សដឹងថាសន្តិភាពមានតម្លៃធំធេងមហាសាលបែបណា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានរំលឹកពី ប្រវត្តិនៃការចចារស្វែងរកសន្តិភាពជូនកម្ពុជា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជននយោបាយផ្សេងទៀត ដែលបានលះបង់ពលីជីវិតឥតស្ដាយស្រណោះក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនទាំងអស់។
ឯកឧត្តមបណ្ឌិតបានបន្តថា អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិបានចំណាយថវិការាប់សិបលានដុល្លារក្នុងគោលបំណងដើម្បីស្វែងរកសន្តិភាពជូនកម្ពុជា ប៉ុន្តែជាអកុសលនៅតែមិនទទួលបានលទ្ធផលផ្លែផ្កា។ក្រោយពីអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិត្រូវបានបញ្ចប់បេសកកម្មនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព បានក្លាយជាវីរៈបុរសរបស់កម្ពុជា ដែលជាតួអង្គសំខាន់បំផុត ដែលបាននាំមកនៅសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជន ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិដែលមានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំ
ត្រូវបានបញ្ចប់ទាំងស្រុងទូទាំងប្រទេសនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ។
ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការស្ដារកសាងនិងអភិវឌ្ឍគ្រប់វិស័យឡើងវិញរហូតមានការរីកចម្រើននាំមុខមាត់ជូនប្រទេសជាតិនិងប្រជាជន ទទួលបាននូវការកោតសរសើរទាំងថ្នាក់ជាតិនិងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតបន្តថា សន្តិភាពគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ដូច្នេះពលរដ្ឋគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាការពារសុខសន្តិភាពនេះ ឲ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍រហូតតទៅទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ត្រូវចូលរួម ថ្កោលទោសនិងប្រឆាំងដាច់ខាត ជនអគតិជ្រុលនិយមដែលមាននិន្នាការនយោបាយខ្មៅងងឹតចង់បំផ្លាញសន្តិភាពនិងបំផ្លាញប្រជាជនកម្ពុជា ញុះញង់ លាបពណ៌ បំភ្លៃការពិត ប្រឌិតបង្កាច់បង្ខូច ក្នុងចេតនាទុច្ចរិតគួរឱ្យស្អប់ខ្ពើមបំផុត។
ឯកឧត្តមបណ្ឌិតបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ“ផ្ការីកក្នុងសួនសន្តិភាព” ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានលើកឡើងជារឿយៗអំពី«ផ្ការីក» របស់រាជរដ្ឋាភិបាល គឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេស ជាសួនផ្ការីកស្រស់បំព្រង សួនផ្ការីកនៃការអភិវឌ្ឍន៍ គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជា។
ហើយប្រឆាំងដាច់អហង្ការចំពោះ“យុទ្ធសាស្រ្តផ្ការីក” របស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងបំផ្លាញភាពរីកចម្រើនរបស់ជាតិ និងបំផ្លាញការរស់នៅដ៏សុខសាន្តសុខសន្តិភាពបស់ប្រជាជនកម្ពុជា។
ជាចុងក្រោយឯកឧត្តមបណ្ឌិតបានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំង សមាជិកសមាជិកាគ្រប់ជាន់ថ្នាក់នៃសមាគមអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន ក៏ដូចជាគណបក្សនយោបាយទាំងអស់ ចូលរួមដើម្បីការពារនិងថែរក្សាសន្តិភាព ក្រោមពាក្យស្លោកថា ” ផ្ការីកក្នុងសន្តិភាព “។
នៅចុងបញ្ចប់នៅកម្មវិធី ក៏មានការថតរូបទុកជាអនុស្សាវរីយ៍និងពិសាអាហារសាមគ្គីរួមគ្នា អបអរសាទរទិវាសន្តិភាពនៅកម្ពុជាប្រកបដោយបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុត៕
អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ! ” ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញទូទាំងប្រទេស ”