សមត្ថកិច្ចចម្រុះសហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្តនិងគោយន្តកន្ត្រៃដឹកចេញពីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចចម្រុះសហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្តនិងគោយន្តកន្ត្រៃដឹកចេញពីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់សង្ស័យ លោកខន សុខខុន ជាអ្នក បើកភ្លើងខៀវ
នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងនិងគោយន្តកន្ត្រៃចំនួន០៩គ្រឿងដែលដឹកឈើពេញប្រៀបជាច្រើនម៉ែត្រគូបដែលគេដឹងថាដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ការពារដោយព្រះរាជក្រឹត្យ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត ហើយមើលការខុសត្រូវ និងអភិរក្សដោយប្រធានការិយាល័យដែនជម្រកគឺលោក ខន សុខខុននោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបពេលដែលក្រុមឈ្មួញទាំងអស់នោះដឹកចេញពីដែនជម្រកឆ្ពោះទៅដាក់តាមរោងម៉ាស៊ីនលួចលាក់នានាតាមបណ្តាលស្រុក។ការបង្ក្រាបរថយន្តនិងគោយន្តខាងលើនេះបានកាលពីវេលាម៉ោង២៤ឬ០០និង៥៣ នាទី ឈានចូលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតនៅចំណុចអូររទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមការអោយដឹងពីសមត្ថកិច្ចជំនាញនៅមុនពេលចុះបង្ក្រាបករណីខាងលើនេះគឺកម្លាំកងរាជអាវុធហត្ថស្រុកថ្ពងចំនួនពីនាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ធី សុវណ្ណ បាន សហការជាមួយកម្លាំងនគរបាលស្រុកច្រើននាក់ ជំនាញផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានទទួលការរាយការណ៍ពីបណ្តាញទើបធ្វើការ ចុះបង្ក្រាបបទល្មើសព្រៃឈើនៅលើផ្លូវជាតិលេខ៤៤ ឃុំអមលាំង ឃាត់បានវត្ថុតាងរួមមានរថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះពណ៌សពាក់ ស្លាកលេខ កំពង់ស្ពឺ3A 1945 មិនស្គាល់ម្ចាស់និងតៃកុងនោះឡើយ ដែលបានដឹកឈើគ្រឿងផ្ទះមិនមានច្បាប់អនុញ្ញាតិឡើយ(ជាប្រភេទ ឈើក្រហម)និងគោយន្តកន្ត្រៃចំនួន ០៩គ្រឿងទៀត ដឹកឈើក្រហម(គ្រឿងផ្ទះ)០១គ្រឿងនិងប្រភេទឈើដុលចំនួន០៨គ្រឿងផងដែរ ក្រោយពីធ្វើការការបង្ក្រាបរួចតៃកុងគោយន្តបានរត់គេចខ្លួនបាត់ស្រមោល។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបាននិយាយអោយដឹងថារថយន្តនិងគោយន្តខាងលើនេះបានដឹកឈើចេញពីតំបន់ជាំនិងតំបន់ស្រែកិនឆ្លងមកពីខេត្តពោធិសាត់។ដោយដឹកចេញពីតំបន់ជាំគឺឆ្លងកាត់ស្នាក់ការបរិស្ថានខាងកើតផ្សារជាំមួយកន្លែង ឆ្លងកាត់ស្នាក់ការបរិស្ថានខាងកើតតំបន់ទេ ទឹកពុះមួយកន្លែងទៀតដែលប្រធានស្នាក់ការមានឈ្មោះ ចាន់ អាយុជាង៤០ឆ្នាំ និងមកដល់ខាងលិចផ្សារកន្តួលឆ្លងកាត់ស្នាក់ការធំដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលមានលោកខន សុខខុន គ្រប់គ្រងផ្ទាល់ ក្នុងរថយន្តមួយគ្រឿងបង់លុយជាថ្នូរនិងការមិនចាប់បង្ក្រាបមួយកន្លែងចាប់ពី៤០ ទៅ ៥០ម៉ឺនរៀលទើបធ្វើដំណើរឆ្លងកាត់ មកបាន។
ដោយឡែករថយន្តនិងគោយន្តកន្ត្រៃមួយកន្លែងបង់លុយចាប់ពី២០ ទៅ ៣០ ម៉ឺនរៀលជាថ្នូរមិនចាប់បង្ក្រាប។ចំណែករថយន្តនិងគោយន្តកន្ត្រៃដែល ដឹកចេញពីខេត្តពោធិសាត់ឆ្លងមកខេត្តកំពង់ស្ពឺឆ្លងកាត់ស្នាក់ការអូរត្រាវដែលមានលោក ឌុល និងលោកឈឹម ដា ម៉ុន និងជាពិសេសស្នាក់ការភ្នំតូចនៅជាប់ផ្លូវជាតិលេខ៤៤មានលោកលី សុខលីម ហៅទុន វិញក៏ត្រូវចំណាយលុយរាប់ម៉ឺន សែនរៀលដែលទើបអាចឆ្លងកាត់មកបាន។រីឯនៅតំបន់ស្រែកិនវិញ ស្នាក់ការលោក កង ញឹប ដែនជាប្រធានវិញតម្រូវអោយក្រុមរថយន្តនិងគោយន្តទាំងអស់នោះបង់លុយ ចាប់ពី៤០ទៅ ៦០ ម៉ឺន រៀល ហើយគោយន្តចាប់ពី៣៥ម៉ឺនទៅ៥០ម៉ឺនរៀលទើបធ្វើដំណើរចេញ មកបាន បើបង់លុយហើយធានាមិនមានអ្នកចាប់ទៀតនោះទេ។ដោយទង្វើរអស់លោកជាមន្ត្រីថ្នាក់ធំ ថ្នាក់តូចរបស់មន្ទីរបរិស្ថានខេត្តប្រព្រឹត្តអំពើពុករលួយបែបនេះហើយទើបបទល្មើសព្រៃឈើកើនឡើង រហូតដល់ក្រុមសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបមិនខ្លាចនឿយហត់ ដើម្បីរក្សាព្រៃឈើជាសម្បត្តិធនធានធម្មជាតិអោយបានគង់វង្ស ខណៈដែលក្រុមមន្ត្រីបរិស្ថាននិងដែនជម្រកគ្មានឆន្ទ:ក្នុងការបង្ក្រាបគិតតែពីបណ្តែត បណ្តោយអោយបទល្មើសកើនឡើង ហើយគិតតែពីលាភសក្ការ:ទៅវិញ ដូចនេះសូមលោកប្រធានមន្ទីរបរិស្ថានខេត្តនិងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលទង្វើររបស់អស់លោកប្រធានការិយាល័យ ប្រធានស្នាក់ទាំង៥នៅក្នុងខេត្តកំពង់ស្ពឺនេះផងទាន បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើវិនាសហិនហោចជាក់ជាមិនខានឡើយ។បន្ទាប់ពីធ្វើការបង្ក្រាបបានរថយន្តនិងគោយន្តកន្ត្រៃរួមជាមួយឈើជាច្រើនម៉ែត្រគូបនោះមិនទាន់វាស់វែងនៅឡើយទេ។
ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឌបាលព្រៃឈើចំណុចអូរទះភ្លូក ដើម្បីធ្វើការវាស់វែងនិងកសាងសំណុះរឿងចាត់ការបន្តតាមផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើ៕