រដ្ឋបាលខេត្តបាត់ដំបងប្រជុំត្រៀមផែនការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងត្រៀមរៀបចំផែនការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌប្រពៃណីជាតិឆ្នាំ២០១៩។ កិច្ចនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក្រោមវត្តមានលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តអភិបារងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ច មន្ទីរអង្គភាពនានាជុំវិញខេត្ត។

លោក ងួន រតនៈ បានបើកកិច្ចប្រជុំដោយណែនាំថ្នាក់ដឹកនាំទាំងអស់ការប្រមូលទិន្នន័យអំពីការដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបងកន្លងមកដើម្បីរួមគ្នាដោះស្រាយជូនពួកគាត់។ លោក ងួន រតនៈ បានបញ្ជាក់ថា បន្ទាប់ពីយើងបានពិភក្សាគ្នាដើម្បីធ្វើការដោះស្រាយជុំទី១ អំពីបញ្ហាផ្សេងៗលើគ្រប់វិស័យដែលជាកង្វល់ សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានចប់ហើយនឹងបន្តធ្វើវេទិការសាធារណៈជុំទី២នាពេលខាងមុខទៀត។

ក្នុងកិច្ចប្រជុំនេះដែរលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងនគរបាលខេត្តបានឡើងរាយការណ៍ស្តីពីការត្រៀមរៀបចំកម្លាំងអន្តរាគមន៍រួចជាស្រេច សម្រាប់ការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌក្នុងឆ្នាំ២០១៩នេះរួចហើយ។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ក្រោយពីបានទទួលកិច្ចប្រជុំនេះរួច សូមអស់លោកដែលបានទទួលផែន ការកិច្វការពារនេះនិងការងារផ្សេងៗយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។ លោកបានបន្តថា ខេត្តយើងនឹងត្រូវធ្វើពិធីបុណ្យអ៊ុំទូកថ្នាក់ខេត្តចំថ្ងៃបុណ្យចេញព្រះខាងមុខនេះ ដោយមានការតាំងពិព័រណ៍ផងដែរ ហើយក្រុមការងារក្រុងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ៕