ផ្លូវគ្រួសក្រហមប្រវែងជាង៤គីឡូម៉ែត្រ និងបង្ហៀរមួយកន្លែងប្រវែង២០ម៉ែត្រ នៅក្នុងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ត្រូវបានបើកការដ្ឋានសាងសង់

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង ៤.៤៤៨ម៉ែត្រ និងបង្ហៀរមួយកន្លែងប្រវែង២០ម៉ែត្រ ទទឹងប្រវែង០៥ម៉ែត្រ ស្ថិតនៅក្នុងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានលើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃក៏អាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលស្រុកស្ទោង បានបន្ថែមថា សមិទ្ធផលថ្មីៗទាំងនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធផលទាំងចាស់ថ្មី ដែលរដ្ឋបាលឃុំរុងរឿង និងរដ្ឋបាលស្រុកស្ទោង ព្រមទាំរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក មានការរីកចំរើន ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ហើយបើកផ្លូវឲ្យបានធំទូលាយតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសមិទ្ធផល ផ្លូវ និងសំណង់ធានាបាននូវគុណភាព និងសោភ័ណភាពស្រស់ស្អាតផងដែរ។

លោកអភិបាលស្រុកស្ទោង បានជំរុញដល់រដ្ឋបាលឃុំរុងរឿង ត្រូវធ្វើសេចក្តីជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្នុងការបើកផ្លូវ ហើយក្រុមហ៊ុន វេង ប៊ុនធឿន ត្រូវបង្កើនការយកចិត្តទុកដាក់សហការគ្នា កសាងផ្លូវ និងសំណង់បង្ហៀរនេះឲ្យបានឆាប់រហ័សតាមបទដ្ឋានបច្ចេកទេសនិងធានាគុណភាព ទាន់តាមកាលកំណត់ ប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ផ្លូវគ្រួសក្រហម និងសំណង់បង្ហៀរ ដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប៤៤៤៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ សំណង់បង្ហៀរប្រវែង២០ម៉ែត្រ ជាថវិកាគម្រោងមូលនិធិឃុំឆ្នាំ២០២២ ដែលអស់ទឹកប្រាក់សរុប ៣៩១.៥៩០.៥០០រៀល៕

Leave a Reply

Your email address will not be published.