លោកឧកញ៉ាមហាចិត្តសប្បុរសធម៌ ទៀ វិចិត្រ ប្រគល់ម៉ូតូ១គ្រឿង ដល់សិស្សនិន្ទេសជាប់ A មានជីវភាពក្រីក្រ នៅស្រុកគិរីវង់

ខេត្តតាកែវ-ដើម្បីលើកទឹកចិត្តនិងជួយដល់សិស្សក្រីក្រមួយរូប កាលពីថ្ងៃ៣០កញ្ញា២០១៩លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿងនិងថវិកាចំនួន៤លានរៀលបន្ថែមទៀត ទៅឧបត្ថមដល់ប្អូនស្រីសិស្សពូកែមួយរូបដែលខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩នេះជាប់បាននិទ្ទេស A តែម្នាក់គត់ ក្នុងចំណោមសិស្ស ២០៥១នាក់ រស់នៅក្នុងគ្រួសារក្រីក្រ មានម្តាយជាស្រ្តីមេម៉ាយ បច្ចុប្បន្នប្រកបមុខរបរ ដើររកអេតចាយលក់ នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្អូនស្រីសិស្សពូកែរូបនេះឈ្មោះ ស៊ាង វ៉ាន់ថង សិស្សវិទ្យាល័យ សុខ អាន ទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ ហើយជំនួយនេះត្រូវបានលោកឧកញ៉ាទៀ វិចិត្រនាំយកទៅប្រគល់ផ្ទាល់ដល់ផ្ទះ ក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ជំនួយនេះផ្តល់ជូនជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្ររបស់ប្អូនស្រី និងជួយដល់ជីវភាពរស់នៅរបស់គ្រួសារក្មួយស្រីដែល កំព្រាឪពុក រស់នៅជាមួយម្តាយមេម៉ាយក្រីក្រ តស៊ូចិញ្ចឹមកូនអោយរៀនសូត្រទាំងជីវភាពលំបាក។ ទាំងក្រុមគ្រួសារនិងទាំងក្មេងស្រីរូបនេះ បានគោរពថ្លែងអំណរគុណរកអ្វីប្រៀបផ្ទឹមពុំបានចំពោះអំពើសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រនិងគ្រួសាររបស់លោកឧកញ៉ា ដែលបានជួយឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងនិងបន្ថែមប្រាក់៤លានរៀលទៀត និងបានគោរពជូនពរលោកឧកញ៉ាព្រមទាំងគ្រួសារ ប្រកបដោយពុទ្ធពរ៥ប្រការ ៕