កុំឱ្យគេថា​ សម្តេច​ក្រឡា​ហោម​ ស ខេង​ ទៅ​អាល្លឺម៉ង់​​ មិនដឹង​បាន​លទ្ធផល​អ្វីខ្លះ?​ តស់​​ ចូលមើល​ដឹង​ហើយ…​

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ អន្តរក្រសួងទៅកាន់ប្រទេសអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ​ ដោយភាគីទាំងពីរ (កម្ពុជា-អាល្លឺម៉ង់)​ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងភាពជាដៃ​ ព្រមទាំងកម្ពុជា-សហភាពអឺរ៉ុប។

ពិភាក្សាផ្ដោតទៅលើការស្វែងរកការគាំទ្រទៅលើកិច្ចការនយោបាយ ការផ្លាស់ប្តូរបទពិសោធន៍លើការងារ​ លើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍលើវិស័យសំខាន់នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាដើម។​

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានសំណូមពរដល់ភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពទិញកាបោនពីកម្ពុជា ដែលនេះគឺជាយន្តការ និងជាការរួមចំណែកមួយដ៏មានសារៈសំខាន់ ក្នុងការថែរក្សាឲ្យបានគង់វង្សនូវសម្បត្តិ និងធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

ភាគីកម្ពុជាក៏បានសំណូមពរភាគីអាល្លឺម៉ង់ ពិនិត្យលទ្ធភាពលើការងារអាទិភាពជាក់ស្តែងមួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខ និងការចែករំលែកបទពិសោធន៍កំណែទម្រង់វិមជ្ឈការ។

គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ដឹកនាំដោយ​ សម្តេចក្រឡាហោម ស ខេង​ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីប្រព័ន្ធរដ្ឋបាលសាធារណៈរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទាំងនៅថ្នាក់រដ្ឋសហព័ន្ធ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ការរៀបចំ​ ការប្រព្រឹត្តទៅនៃឋានានុក្រមរដ្ឋបាល ​ រចនាសម្ព័ន្ធ សិទ្ធិ តួនាទី។

គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង​ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ហើយប្រាប់ពួកគេថា​ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចសង្គមធំៗជាច្រើនគួរឲ្យកត់សម្គាល់ ក្រោមលក្ខខណ្ឌអំណោយផលនៃសន្តិភាពពេញបរិបូរណ៍ទូទាំងប្រទេស៕