បុរសម្នាក់បើករថយន្តលឿនគេចម៉ូតូជ្រុល បុកគូទរថយន្តធុនធំពីក្រោយ ខ្ទាតទៅបុកខឿនសួនច្បារ បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់

នៅភ្នំពេញ
(ថ្ងៃទី 20 October 2019 ម៉ោង 10:08 am)

ភ្នំពេញ៖ នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវលូ៣ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BB-6847 បើកបរដោយបុរសម្នាក់រួមទាំងបុរសម្នាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលូ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿង ដែលជិះកាត់ពីមុខរថយន្ត ក៏ជ្រុលទៅបុកគូទរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាកហើយខ្ទាតរថយន្ត TOYOTA PRIUS ខាងលើទៅបុកឃឿនសួនច្បារទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងបុរសដែលរួមដំណើរជាមួយបោកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។ ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ រីឯរថយន្តធុនធំមួយគ្រឿង ដែលត្រូវរថយន្ត TOYOTA PRIUS បុកពីក្រោយនោះមិនឈប់ទាមទារអ្វីនោះទេ បានបើកចេញពីកន្លែងកើតហេតុទៅតែម្ដង។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕