
សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកយកក្រុមហ៊ុនសំរាមស៊ីនទ្រី មកអោយរដ្ឋគ្រប់គ្រង

ភ្នំពេញ ៖ កាលពីព្រឹកមិញថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើក្រុមហ៊ុនសំរាមស៊ីនទ្រី ថាជាក្រុមហ៊ុនគ្មានសមត្ថភាពប្រមូល និងគ្រប់គ្រងសំរាម ដែលដល់ពេលត្រូវរដ្ឋដកយកមកគ្រប់គ្រងវិញ ហើយបើកឱកាសដល់ក្រុមហ៊ុនផ្សេងៗ ដែលមានលទ្ធភាព និងសមត្ថភាពយ៉ាងហោចណាស់ ០៤ ដើម្បីចូលរួមដេញថ្លៃវិនិយោគលើការងារប្រមូល និងគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញអោយបានល្អ។
សម្តេចតេជោ បានមានប្រសាន៍ថា រាល់ថ្ងៃឮតែពលរដ្ឋនិយាយ និងរអ៊ូតែពីក្រុមហ៊ុនសំរាមស៊ីនទ្រី គឺក្រុមហ៊ុននេះ គ្មានសមត្ថភាពធ្វើការតទៅទៀតទេ។ សម្តេចតេជោ បានចុះហត្ថលេខាអោយប្រើប្រាស់ទីតាំង៣ នៅក្រៅក្រុងថែមទៀត ដើម្បីសម្រួលដល់ការប្រមូល និងគ្រប់គ្រងសំរាម តែក្រុមហ៊ុននេះមិនធ្វើ។ សម្តេចតេជោបានបន្តថា តាមពិតក្រុមហ៊ុនស៊ីនទ្រីបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៅអំឡុងឆ្នាំ ១៩៩៦ឬ១៩៩៧ ដែលមកទល់ពេលនេះ គឺជាង ២០ឆ្នាំហើយ។ ពេលនោះ ផ្ទៃដីទីក្រុងភ្នំពេញមានទំហំតែ ៣០០គីឡូម៉ែត្រក្រឡា តែពេលនេះផ្ទៃដីក្រុងបានកើនឡើងរហូតដល់ ៦០០គីឡូម៉ែត្រក្រឡា ដែលបានធ្វើអោយក្រុមហ៊ុនសំរាមស៊ីនទ្រី គ្មានសមត្ថភាពធ្វើ បានទុកសំរាមគរចោល ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងអនាម័យ សោភ័ណភាពទីក្រុង។ សម្តេចបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលនឹងដកយកក្រុមហ៊ុននេះ មកគ្រប់គ្រងរួមទាំងបុគ្គលិក ហើយនឹងទូទាត់សងទៅក្រុមហ៊ុននូវអ្វីទាំងឡាយណា ដែលក្រុមហ៊ុនបានចំណាយលុយទិញ ដូចជាឡានដឹកសំរាមជាដើម គឺមិនអោយក្រុមហ៊ុនខាតទេ។ ក្រោយពីដកយកមកគ្រប់គ្រងហើយ រាជរដ្ឋាភិបាលនឹងបើកឱកាសដល់ក្រុមហ៊ុនយ៉ាងហោចណាស់ ០៤ រួមទាំងក្រុមហ៊ុនសំរាមស៊ីនទ្រីខ្លួនឯង ក៏មានសិទ្ធិដាក់ឯកសារដេញថ្លៃដែរ។ ក្រុមហ៊ុនមួយ មានសិទ្ធិដេញថ្លៃតែមួយតំបន់ទេ។ រដ្ឋនឹងកំណត់បែងចែកជា ០៤តំបន់ អោយក្រុមហ៊ុននីមួយៗគ្រប់គ្រងទៅតាមតំបន់របស់ខ្លួន។

ទន្ទឹមនឹងនេះ ក៏ហាមមិនអោយបញ្ចូលគ្នាជាសម្ព័ន្ធបានឡើយ។ ក្រោយពីការប្រមូល និងគ្រប់គ្រងសំរាមបានហើយ សម្តេចតេជោក៏មានគម្រោង ដើម្បីកែច្នៃសំរាមនេះ អោយទៅជាអគ្គីសនីសម្រាប់យកមកប្រើប្រាស់ក្នុងរាជធានីភ្នំពេញ ទោះបីត្រូវចំណាយខ្ពស់បន្តិចក្តី គឺរាជរដ្ឋាភិបាលសុខចិត្តចូលរួមជាមួយក្រុមហ៊ុនអគ្គីសនីនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជាអោយក្រសួង និងស្ថាប័នពាក់ព័ន្ធចាប់ធ្វើកិច្ចការនេះ អោយបានឆាប់បំផុត។ អរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់នូវព័ត៌មាន ក៏ដូចជាសំណូមពរ និងមតិយោបល់មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុងយើងអោយកាន់តែមានសោភ័ណភាពស្រអនាម័យនិងបរិស្ថានល្អ៕