លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពិធីអុំទូកស្វាយរៀង​ ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋចូលរួមទស្សនាជាង ១០ម៉ឺននាក់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីប្រណាំងទូកនៅ ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់ប្រកបដោកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង និងមានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស ។

លោកជំទាវបានបន្តទៀតថា ៖ ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក និងបានបន្តមកជារៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ។
តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរណ៍បានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី ។

បន្ទាប់ពីធីអុំទូកត្រូវបានបញ្ចប់ លោកជំទាវ និងប្រតិភូ អមដំណើរបានអញ្ជើញទៅចូលរួមទស្សនា ការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រាត់រវាង ក្លឹបព្រះខ័នរាជ និងក្លឹបអាស៊ីអឺរ៉ុប ជាលទ្ធផលក្លឹបព្រះខ័នរាជ ជាអ្នកទទួលបានជ័យជំនះ និងលើកពាន ។

បន្ទាប់មកទៀត លោកជំទាវ ក៏បានបន្តមកចូលរួមក្នុងកម្មវិធីតន្ត្រីស្រុកស្រែ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សបាយ័ន និងបានថ្លែងអំណរគុណ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់ការរៀបចំពិធីប្រណាំងទូកនាឱកាសនេះ និងនាំមកនូវតន្រ្តីស្រុកស្រែ របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីបង្កើនភាពសប្បាយរីករាយឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត និងបានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបានមកចូលរួមក្នុងកម្មវិធីនាថ្ងៃនេះយ៉ាងច្រើនកុះករ ។

លោកជំទាវក៏បានអំពាវនាវឲ្យឲ្យប្រជាពលរដ្ឋទាំងអស់គ្នាដោយ «យើងប្រែក្លាយថ្ងៃ៩ ខែវិច្ឆិកា របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឲ្យទៅជាថ្ងៃទី០៩ វិច្ឆិកា ទទួលទានហូបអំបុកទាំងអស់គ្នា ហើយអំបុកនេះ គឺអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ» ។