ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពក្នុងពិធី សិតព្រះពុទ្ធបដិមា សម្ភោធស្ថានីយផ្សាយ បន្តព្រះពុទ្ធឱវាទឈ្នះមារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះពិធីសិតព្រះពុទ្ធបដិមា​ សម្ភោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ​ និងចែកអំណោយជូនដល់ចាស់ជរា​ ចំនួន៥០០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្តរតនារាម (ហៅវត្តផ្សារកណ្តាល) ក្រោមអធិបតីភាព
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជេីងគោក​។

អមដំណើរដោយ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងមន្រ្តីថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧​ លោក ចៅ ជីអាន ប្រធាន​សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា។

ក្នុងពិធីនេះដែល ឯកឧត្តម ហ៊ុន ម៉ាណែត និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បាននាំយកអំណោយមួយចំនួនចែកជូនចាស់ជរា ចំនួន៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន:
១. អង្ករ ២៥គីឡូក្រាម
២. មី ១កេស
៣. ប្រេងឆា​ ១ដប
៤. ស្ករស​ ១គីឡូ
៥. អំបិល​ ១គីឡូ
៦. ប៊ីចេង​ ០.៥គីឡូ
៧.​ ទឹកត្រី​ ១យួរ
៨. ទឹកសុីអុីវ​ ១យួរ
៩. ត្រីខ​ ១យួរ
១០. សាប៊ូ​ ១កញ្ចប់
១១. ថ្នាំពេទ្យ ១ប្រអប់ (បំបាត់ផ្តាសសាយ និងក្អក)
១២.​ ថវិកា​ ២០,០០០រៀល
និងបានចូលបច្ច័យសម្រាប់កសាងវត្តចំនួន ៥០លានរៀល ។


ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ លោកតា លោកយាយ អ៊ុំ ពូ មីង ផងដែល។