(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរៈជន ស្នេហាពិតប្រាកដ បានជួយសង្រ្គោះប្រទេសជាតិ រំដោះ ជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ការពារជាតិ សាសនា ព្រះមហាក្សត្រ រក្សាអធិបតេយ្យភាព និងបូរណៈភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោកស្រី ប៉ែន ចន្នី សម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ បានបន្ដទៀតថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ ឈាមស្រស់ បានលះបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។
លោកអះអាងទៀតថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អ បានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវ ធ្វើឲ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ ហើយសម្ដេចតេជោ ជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដ ជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដី មិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិបតេយ្យភាពជាតិជាមួយ និងផលប្រយោជន៍បរទេសឡើយ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្ នានិងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានរួមគ្នា ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ មិនអនុញ្ញាតឲ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាព នៅកម្ពុជាបានឡើយ។ លោកសំណូមពរដល់ប្រជាជនកម្ពុជា ពិសេសប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ បន្តគោរពស្រឡាញ់ គាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បី បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប៊ុនហៀង និងលោកស្រី បានវេរប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន១ម៉ឺនដុល្លារ និងបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកតា លោកយាយ សីលវន្ត សីលវន្តី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ខណ្ឌ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត៕