(ភ្នំពេញ)៖នៅថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមការរៀបចំរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តមជាទីប្រឹក្សាក្រសួងព័ត៌មានជាច្រើនរូប លោកបណ្ឌិតនិងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យឧទ្ទេស លោកចាងហ្វាង និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានប្រមាណ ១៩២ នាក់មកពី ៥0 អង្គភាពផ្សេងៗគ្នា។
មានមតិស្វាគមន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានមានមតិស្វាគមន៍គណៈអធិបតីនិងរាយការណ៍ជូនអំពីប្រវត្តិកកើតសមាគម គឺសមាគមបានបង្កើតឡើងដែលចុងឆ្នាំ ២០២២ ដោយមានលិខិតអនុញ្ញាតជាផ្លូវការ ពីក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មាន។
លោកប្រធានបានបន្តទៀតថា កន្លងមកសមាគមបានសម្រេចជោគជ័យលើកិច្ចការជាច្រើន ដូចជាការងារបណ្តុះបណ្តាលនិងកិច្ចការមនុស្សធម៌ជាដើម។ចំពោះផែនការនិងសកម្មភាពបន្តសមាគមមានគម្រោងជាច្រើនដែលត្រូវអនុវត្ត របស់សមាគម ព្រមទាំងផែនការសកម្មភាព បន្តរបស់សមាគមសម្រាប់អនុវត្ត ទៅថ្ងៃខាងមុខ។
លោកបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យប៊ូឌីសាស្រ្តា លោកនឹងដឹកនាំគណៈប្រតិភូសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដើម្បីបំពេញទស្សនកិច្ចនៅខេត្តសូរិន្ទ ប្រទេសថៃ នៅថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២៣នេះ។
មានមតិសំណេះសំណាលជាមួយសិក្ខាកាម ក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន មានមានមតិផ្ដាំផ្ញើការសាកសួរសុខទុក្ខ ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានសំដែងនូវការគាំទ្រនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ក្នុងការរៀបចំបង្កើតវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មាន រួមចំណែកជួយដល់វិស័យព័ត៌មាន។និងសម្ដែងនូវការកោតសរសើរ ចំពោះលោកចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានគ្រប់អង្គភាពទាំងអស់ដែលបានចំណាយពេលវេលា មកចូលរួមក្រេបជញ្ជក់ចំណេះដឹងដើម្បីពង្រីកសមត្ថភាព ចំណេះដឹង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងវិស័យព័ត៌មាន ធ្វើជាព្រាបនាំសារពីថ្នាក់ដឹកនាំជួបប្រជាពលរដ្ឋពីប្រជាពលរដ្ឋជូនដឹកនាំវិញ។
ឯកឧត្តមបណ្ឌិត បានមានមតិផ្ដាំផ្ញើដល់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ត្រូវខិតខំប្រឹងប្រែងបន្តសកម្មភាពមនុស្សធម៌និងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនដើម្បីជួយពង្រឹងសមត្ថភាពដល់បងប្អូនអ្នកសារព័ត៌មានយើង ហើយក៏ផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសម័យបច្ចេកវិទ្យា៥.០។
ឯកឧត្តមបានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានផ្តល់ទីតាំងអោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មាន ប្រមាណ ១៩២ នាក់ មកពីជាង ៥០ អង្គភាពនេះឡើង។
ឯកឧត្តមក៏បានសម្ដែងនូវការថ្លែងអរគុណផងដែរ ដល់លោកឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន និង លោកបណ្ឌិត ហ៊ាង គឹមស្រឿន ដែលបានស្ម័គ្រចិត្តផ្តល់ការចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់។
នៅចុងបញ្ចប់នៅកម្មវិធីឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានផ្ដល់កិត្តិយសថតរូបជាមួយសិក្ខាកាមទាំងអស់ទុកជាអនុស្សាវរីយ៍ផងដែរ៕