ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស

(កំពង់ចាម)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសូមសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននិងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ រួមមាន៖

*អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ២៤បន្ទប់, អគារទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ និងអគារសម្រាប់គ្រូបង្រៀនស្នាក់នៅ ១ខ្នង ស្មើនឹង ៤បន្ទប់ ក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ
*អគារសម្ភព ១ខ្នង និងការជួសជុលអគារមួយចំនួនក្នុងមណ្ឌលសុខភាពដងក្តារ
*ការបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈកាលកន្លងមកនេះ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅឆ្ងាយ។

ជាក់ស្តែង ក្នុងស្រុកស្ទឹងត្រង់នេះផ្ទាល់ មានសមិទ្ធផលអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ចំនួន៦៥ ខ្នង ស្មើនឹង៤៦០ បន្ទប់ សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅរបស់ប្រជាពលរដ្ឋ ដែលនឹងផ្តល់នូវផលផ្លែផ្កាសម្រាប់បុគ្គល, គ្រួសារ និងសង្គម។

ឯកឧត្តមបណ្ឌិតសូមអរគុណប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលក្រោមដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្តី្រ ជាពិសេស តាមរយៈការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូល។

សក្ខីភាពនេះបានបង្ហាញថា ប្រជាពលរដ្ឋយើងនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ-១៩ កន្លងមកនេះ សម្តេចតេជោ បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏គួរស្ញប់ស្ញែង តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ, យុទ្ធសាស្ត្រច្បាស់លាស់ និងភាពអារកាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល, ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារនៅទូទាំងប្រទេស ហើយនៅក្នុងដំណាក់កាលនីមួយៗនេះ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ត្រូវបានតម្កល់ជាកត្តាអាទិភាពចម្បងបំផុត។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕[sg_popup id=”772″ event=”inherit”][/sg_popup]