ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានចុះពិនិត្យទីតាំងសម្រាប់ព្យាបាលជំងឺ Covid 19 ចំនួន ៣ កន្លែង ចំនួន ១០៣ បន្ទប់ ទោះបីមិនទាន់មានករណីអ្នកឆ្លង វីរុស Covid 19 មកប្រជាពលរដ្ឋខេត្តព្រៃវែងនេះក៏ដោយ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានដឹកនាំ ក្រុមការងារ ចុះពិនិត្យទីតាំង សម្រាប់ព្យាបាលជំងឺ Covid 19 ចំនួន ៣ កន្លែង ដែលមានចំនួន ១០៣ បន្ទប់ បើទោះបីមិនទាន់មានករណីអ្នកឆ្លង វីរុស Covid 19 មកប្រជាពលរដ្ឋខេត្តព្រៃវែងនេះក៏ដោយ។

ក្នុងនោះរដ្ឋបាលខេត្តបានសម្រេចយក  : ១-អាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨ បន្ទប់, ២-អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២ បន្ទប់ និង៣-អាគារ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣ បន្ទប់។

ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្ត បានជំរុញដល់សមាជិកគណៈកម្មការខេត្តទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការរួមគ្នារៀបចំផែនការរួមដោយប្រមូលផ្ដុំ មធ្យោបាយ និងធនធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាត្រៀមបង្ការនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីដែលប្រចាំការនៅតាមច្រកព្រុំដែនទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ នៅតាមច្រកទ្វារព្រំដែននីមួយៗ និងអាជ្ញាធរក្រុង ស្រុកត្រូវ មានការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមកពីប្រទេសថៃថ្មីៗនេះ ដោយអប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលឱ្យប្រជាពលរដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹងកន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃជាមុនសិនមុននឹងគាត់ចង់ទៅកន្លែងណាផ្សេងទៀត។ ក្នុងនោះប្រសិនបើបងប្អូនប្រជាពលរដ្ឋណាមួយមានអការៈមិនប្រក្រតីត្រូវទាក់ទងទៅលេខ ១១៥ ឬទៅមណ្ឌលសុខភាពដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

ក្នុងនោះស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង លោកមេភូមិ មេឃុំ ក៏បាន ធ្វើការផ្សព្វផ្សាយតាមរយៈមេក្រូ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួនដើម្បីឲ្យគាត់បានយល់ច្បាស់អំពីវិធានការការពារនៃការរីករាលដាលនៃជំងឺវីរុសថ្មី Covid19 នេះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង