(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុប ៣,៥៤០នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងកិច្ចសំណេះសំណាលនោះ លោក អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោកបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា ខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង៣ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។
សម្តេចតេជោ បានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់ខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ក៏បានអរគុណដល់ខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើសលប់ ហើយការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងថា ដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា។ សម្តេចបន្តថា វិធានការនៃការចាក់ស្រោចវ៉ាក់សាំង គឺជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយការចូលរួមសហការរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសសម្តេចតេជោ ក៏បានអរគុណដល់ប្រទេសដៃគូរទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិន ដែលផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយ និងការបញ្ជាទិញរបស់កម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសឱ្យគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ បានជួបជុំគ្នារហូតដល់ជាង ៦ពាន់នាក់ ហើយក៏អនុញ្ញាតឱ្យបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។
សម្តេចតេជោប្រមុខបក្សកាន់អំណាច បានបានមានប្រសាសន៍ផងដែរ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើមចាប់ផ្តើមងើបឡើងវិញហើយ។
សម្តេចតេជោ បានលើកឡើងដែរថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីឱ្យបានច្រើននាពេលខាងមុខផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានីខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ឱ្យបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឱ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។
សម្តេចតេជោនាយកយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង់បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោក៏សុំឱ្យចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាអោយបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។
សម្តេចតេជោក៏អំពាវនាវឱ្យមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕