ក្រសួងសុខាភិបាលចេញសេចក្តីណែនាំ ពីវិធានការការពារការចម្លងវីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរ ដែលមានគ្នាច្រើនលើសពី១០នាក់

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយបន្ថែមទៀត ស្តីពីវិធានការ ការពារការចម្លងវីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកអ្នកដំណើរច្រើនចាប់ពី១០នាក់ឡើងទៅ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានប្រកាស់នៅរសៀលថ្ងៃទី០៥ ខែមេសានេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្រសួងសូមណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ដូចខាងក្រោម៖

* បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់) 
* លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ផងដែរ
* ត្រូវសំអាតរថយន្តជាប្រចាំ ដោយប្រើប្រាស់ទឹកសាប៊ូ និងជូនអាល់កុល តាមធ្នាក់កៅអី 
* ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត 
* ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោងសញ្ញា ដូចជាផ្តាសាយ ត្រូវតែផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព៕