សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំឱ្យមន្រ្តីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ២ចំណុច ដល់មន្រ្តីចំណុះរដ្ឋបាលរាជធានីភ្នំពេញ ឱ្យមានការសម្រួលដល់ការចរាចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមិនត្រូវហាមឃាត់ចំពោះការធ្វើដំណើរពីភូមិមួយទៅភូមិ សង្កាត់មួយទៅសង្កាត់មួយ ឬខណ្ឌមួយទៅខណ្ឌមួយនោះឡើយ។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមុននេះបន្តិច។ ។

សេចក្តីណែនាំនេះ បានសរសេរថា៖ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដូចខាងក្រោម៖

១៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ។

២៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើចរាចរ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ។

 ខាងក្រោមនេះជាសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ៖