ស្រ្តីម្នាក់ កំពុងតែឱបថើបគ្នា យ៉ាងផ្អែមល្ហែមជាមួយប្រុសថ្មី នៅក្នុងបន្ទប់ជួល ប្តីតាមទាន់

ភ្នំពេញ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅជិតសាកលវិទ្យាល័យន័រតុន តាមបណ្តោយផ្លូវកែវចិន្តាក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ ស្រ្តីម្នាក់ កំពុងតែឱបថើបគ្នា យ៉ាងផ្អែមល្ហែមជាមួយប្រុសថ្មី នៅក្នុងបន្ទប់ជួលត្រូវបានប្តីតាមទាន់ ហើយខ្ទប់ទ្វារចាក់សោខាងក្រៅជាប់ រួចប្តឹងទៅនគរបាលឱ្យជួយធ្វើអន្តរាគមន៍ និងជួយធ្វើជាសាក្សីដើម្បីឱ្យនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ទាំងអស់គ្នា ។ ស្រ្តីដែលលួចប្តីទៅមានប្រុសថ្មីនោះឈ្មោះ លីន អាយុប្រមាណ៣០ឆ្នាំ ។ រីឯបុរសជាប្តីឈ្មោះដួង និត អាយុប្រមាណ៣០ឆ្នាំ មុខរបរជាងភ្លើងនិងដែកស្នាក់នៅភូមិ បាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ចំណែកបុរសដែលលួចទាក់ទងប្រពន្ធគេនោះពុំស្គាល់ឈ្មោះឡើយ មានលំនៅកន្លែងកើតហេតុខាងលើ ។ តាមបុរសជាប្តី បានឱ្យដឹងថា ខ្លួននិងប្រពន្ធ បានរៀបការរស់នៅជាមួយគ្នាអស់រយៈពេលប្រមាណជា១០ឆ្នាំមកហើយ ពុំមានកូននោះទេដោយប្រពន្ធចេះតែយកលេសថាមិនទាន់ចង់បានកូន ។ ស្រាប់តែមួយរយៈចុងក្រោយនេះរូបគាត់បានទៅធ្វើការនៅតាមខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយទំនងជាលួច មានអ្នកថ្មីនិងបានបង្កទំនាស់គ្នានៅក្នុងគ្រួសារ ។ នៅក្នុងការទាស់ទែងគ្នានោះក៏មានការចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ។ នៅមុនពេលកើតហេតុគាត់បានចាំឃ្លាំមើលស្រ្តីជាប្រពន្ធតាំងពីព្រឹក ហើយប្រពន្ធបានចេញពីផ្ទះទៅជួបប្រុសស្នេហ៍ថ្មីដល់បន្ទប់ជួលនិងបានឱបថើបគ្នាយ៉ាងសប្បាយ ឃើញដូច្នេះគាត់ក៏ខ្ទប់ទ្វារប្តឹងនគរបាលឱ្យឃាត់ខ្លួន នាំទៅសាកសួរតែម្តង។ បន្ទាប់ពីតាមទាន់ប្រពន្ធមានប្រុសថ្មី កម្លាំងនគរបាលមូលដ្ឋានក៏បានចុះទៅនាំអ្នកទាំង៣នាក់ ទៅអធិការដ្ឋានខណ្ឌ ដើម្បីសួរនាំ ។ បុរសជាប្តីមិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នាប្រគល់ប្រពន្ធឱ្យទៅប្រុសថ្មីនោះ ជាអ្នកមើលថែទាំបន្ត។ គ្រានោះ នគរបាលក៏បានណែនាំកុំឱ្យមានអំពើហិង្សា ហើយឱ្យពួកគេទៅប្តឹងផ្តល់លែងលះគ្នាតាមផ្លូវច្បាប់នៅតុលាការចុះ៕