(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបង្ហោះសារជូនពរតាមរយៈ Facebookរបស់ឯកឧត្តមទៅកាន់កងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។
ឯកឧត្តមបណ្ឌិតបានសរសេរថា «ខ្ញុំបាទប៉ាន់ខែម ប៊ុនថននិងក្រុមគ្រួសាររួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ក្នុងនាមប្រជាជនកម្ពុជាដែលកំពុងរស់ក្រោមម្លប់សុខសន្តិភាព. សូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តរតនគិរី មណ្ឌលគិរីនិងខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម កំពុងរងការបំពានដោយយន្តហោះបញ្ជា គ្មានមនុស្សបើក ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ហើយខ្ញុំបាទក៏សូមគោរពជូនពរដល់កងកម្លាំងដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មនេះសូមទទួលបានជោគជ័យកុំបីខានឡើយ»។
សូមជម្រាបជូនថា បន្ទាប់ពីទទួលព័ត៌មានថា មានយន្តហោះគ្មានមនុស្សបើកហោះចូលដែនដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បញ្ចេញកម្លាំង៥០០នាក់ និង អាវុធ២០០ដើម ដាក់ពង្រាយគ្រប់ច្រកល្ហក់ សម្រាប់ការ ទំលាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលមកខេត្តរតនគិរី៕