(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរងសមាគម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹម ស្រឿន ទីប្រឹក្សាជាន់ខ្ពស់សមាគម បានដឹកនាំក្រុមការងារសមាគម បានចុះសាកសួរសុខទុក្ខ និងនាំយកមូលនិធិ មិត្តជួយមិត្ត របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ដើម្បីជួយឧបត្ថម្ភថ្លៃព្យាបាលជំងឺ ភរិយាលោក យ៉េប ហាំ ដែលមានជំងឺទើបចេញពីមន្ទីពេទ្យ។
ក្រុមការងារសមាគមដែលអមដំណើរមាន លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរង តំណាងលោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សាជាន់ខ្ពស់សមាគមនិងជាអនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល លោក កន សាផាត ជំនួយការអគ្គលេខាធិការរង លោក អ៊ុក សារឹម អនុប្រធានលេខាធិការដ្ឋាន លោក ជួន ឌីណា អនុប្រធានលេខាធិការដ្ឋាន និង លោក តែន មករា ។
លោក ប៉ាល់ សៅជាតិ បានមានប្រសាសន៍ពាំនាំផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សាជាន់ខ្ពស់សមាគមនិងជាអនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងលោក ហ៊ុន មករា ប្រធានសមាគម ហើយថ្នាក់ដឹកនាំសមាគមនិងក្រុមការងារទាំងអស់ សូមជូនពរអោយភរិយាលោក យ៉េប ហាំ ឆាប់ជាសះស្បើយពីជំងឺ។
លោក យ៉េប ហាំ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកានិងក្រុមការងារទាំងអស់ ជាពិសេស លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សាជាន់ខ្ពស់សមាគមនិងជាអនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ដែលបានជួយឧបត្ថម្ភជាថវិកាសម្រាប់រួមចំណែកចំណាយថ្លៃព្យាបាលប្រពន្ធលោកនិងសូមជូនពរជ័យដល់សមាជិកសមាជិកាសមាគមនិងក្រុមការងារទាំងអស់ សូមអោយមានសេចក្តីសុខ សុភមង្គល សុខភាពល្អ បវរសិរីសួស្តីជ័យមង្គលវិបុលសុខ និងពរជ័យទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថា មូលនិធិ មិត្តជួយមិត្ត របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ត្រូវបានបង្កើតឡើង ដើម្បីចូលរួមរៃអង្គាស ថវិកា តាមសទ្ធាជ្រះថ្លា ពីសប្បុរសជនក៏ដូចជាសមាជិកសមាជិកា ដើម្បីរួមចំណែក ជួយដល់ការងារមនុស្សធម៌របស់សមាគម ដោយផ្ដោតសំខាន់ទៅលើក្រុមការងារសមាជិកសមាជិការបស់សមាគម តាមរយៈការជួយចែករំលែកការលំបាក ដូចជា មានជំងឺឈឺថ្កាត់ផ្សេងៗ ឬ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មានជីវភាព លំបាកខ្វះខាតខ្លាំង និងជួបគ្រោះភ័យអាសន្នផ្សេងៗ ក្នុងគោលបំណងដើម្បីរិតចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ជាពិសេសជួយយកឧស្សាហ៍គ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមក ដោយប្រកាន់ភ្ជាប់នូវយុទ្ធសាស្រ្តចែករំលែក ឬទ្រឹស្ដី មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន៕