(ខេត្តកំពង់ស្ពឺ)÷នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានរៀបចំកម្មវិធីផ្តល់សម្ភារៈជាស៊ីម៉ង់ ក្នុងការជួយកសាងក្លោងទ្វារវត្តគិរីអង្គរស (ភ្នំជាល) ក្រោមវត្តមានព្រះអង្គព្រះនាមចិត្តប្បសន្នោ ប៉ិច ចន្ថន ជាព្រះគ្រូចៅអធិការវត្ត ស្ថិតក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះឋិតក្រោមការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងលោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមការងារសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងមានការអមដំណើរចូលរួមដោយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងសហព័ន្ធសហជីពយុវជនបញ្ញវន្ត រួមទាំងមានការចូលរួមពីគណៈកម្មាការវត្តគិរីអង្គរស មានព្រះសង្ឃ តាអាចារ្យ លោកតា លោកយាយ និងមានចូលរួមក្នុងការសម្របសម្រួលរួមមាន៖
១. លោកអធិការរងស្រុកសំរោងទង, មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្គុះ
២. លោក សុន ឈឿន ជាសមាជិកក្រុមប្រឹក្សាឃុំស្គុះ
៣. លោក យិន ផាន់ណា ជាជំនួយការរដ្ឋបាលឃុំស្គុះ
៤. លោក សំរិន អាន ជាស្មៀនឃុំស្គុះ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាការពារភូមិ-ល-។
+ ក្នុងនោះដែរ សម្ភារៈជាអំណោយរួមមាន៖
– ស៊ីម៉ង់ ចំនួន ៤ តោន ជាសម្ភារៈអំណោយដ៏ថ្លៃថ្លាបំផុត ដោយមានការចូលរួមឧបត្ថម្ភជាសម្ភារៈ ព្រមទាំងថវិកាមួយចំនួនពីថ្នាក់ដឹកនាំ ដែលមានលោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើការពាំនាំបច្ច័យដែលមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអង្គការទាំង១៨ អង្គភាព និងថ្នាក់ដឹកនាំសម្ព័ន្ធភាពគណបក្សនយោបាយ ចូលរួមជាសទ្ធាក្នុងការចាប់មគ្គផលកុសលផលបុណ្យ ជួយកសាងក្លោងទ្វារវត្តគិរីអង្គរស (ភ្នំជាល) ដែលបច្ចុប្បន្នវត្តបានកសាងបាន ៥០% ដោយសារតែមានការខ្វះខាតថវិកា និងសមា្ភរៈក្នុងការកសាងបន្តទៀត។
លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានផ្តាំផ្ញើការសួរសុខទុក្ខដល់លោកតា លោកយាយ លោកអាចារ្យគណៈកម្មាការវត្តទាំងអស់ និងបានពាំនាំសារសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់មន្រ្តីនគរបាលស្រុកសំរោងទង ក្រុមប្រឹក្សាឃុំស្គុះ ស្មៀនឃុំស្គុះ មន្រ្តីរដ្ឋបាលឃុំស្គុះ ដែលបានចូលរួមសម្របសម្រួលការងារក្នុងកម្មវិធីផ្ទាល់ដល់ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។
ក្នុងនោះដែរ ព្រះសង្ឃចំនួន ២ ព្រះអង្គ បានសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ ជូនដល់ថ្នាក់ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ ថែមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការពាំនាំយកសម្ភារៈជាស៊ីម៉ង់ ដើម្បីយកទៅធ្វើការកសាងក្លោងទ្វារវត្តបន្តទៅមុខទៀត បន្ទាប់មកព្រះសង្ឃទាំង ២ ព្រះអង្គ បានប្រគល់ជូនលិខិតថ្លែងអំណរគុណដល់លោក ហែម ប្រសើរ ជាប្រធានតំណាងឲ្យសមាគមអង្គការសរុបទាំង១៨ អង្គភាព។
ឆ្លៀតក្នុងឱកាសនេះ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់លោក ហែម ប្រសើរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ សហព័ន្ធសហជីពយុវជនបញ្ញវន្ត ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
#អរគុណសន្តិភាព
#សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល
#CSCA #សបស
#សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌
#AHA #សសម
#សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍
#AIESD #សគកដអ
#សហព័ន្ធសហជីពយុវជនបញ្ញវន្ត
#FIYU #សសយប