(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នា ទីស្នាក់ការកណ្ដាលសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ដែលមានទីស្នាក់ការស្ថិតនៅ បុរីរុងរឿង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបើកវគ្គបំពាក់បំប៉ន កម្មវិធីគោលនយោបាយយុវជនគណបក្សប្រជាជនកម្ពុជានិងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំក្រុម ដែលមានសមាសភាពសមាជិកសមាជិកាចូលរួមប្រមាណជា ៨០ នាក់។
ពិធីនោះដែរក៏មានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពត លោក ហ៊ុន មករាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព លោក លោកស្រី ជាអនុប្រធានអគ្គលេខាធិការ អគ្គលេខាធិការរង លេខាធិការដ្ឋាន អនុលេខាធិការដ្ឋាន និងសមាជិកសមាជិកាមកពីតាមបណ្ដាសាខានិងអនុសាខារាជធានីខេត្តក្រុងស្រុកខណ្ឌជាច្រើនទៀត។
មានមតិស្វាគមន៍គណៈអធិបតី លោក ហ៊ុន មករា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព បានឡើងអានរបាយការណ៍ថា សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានគោលបំណងដើម្បីបណ្ដុះគំនិតយុវជនឲ្យចូលរួមថែរក្សា ការពារសន្តិភាពនិងការអភិវឌ្ឍន៍សព្វថ្ងៃ ដែលបានមកដោយលំបាកនឹងមានការលះបង់ខ្ពស់បំផុត ដើម្បីឲ្យមានភាពរឹងមាំ និងស្ថេរភាពជានិរន្តរ៍ ជាពិសេសលើកស្ទួយនីតិរដ្ឋនិងអភិបាលកិច្ចល្អ នៃសង្គមកម្ពុជាតាមរយៈការអំពាវនាវឲ្យយុវជនចូលរួមកិច្ចការងារមនុស្សធម៌គ្រប់ទិសទី ក្នុងន័យរិតចំណងមិត្តភាព សាមគ្គីភាព ឱ្យក្លាយជាយុវជនគំរូសម្រាប់សង្គមជាតិ។
លោកបានបន្ថែមទៀតថា សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព មានបេសកកម្ម សំខាន់៣ ធំៗ៖
១-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ធ្វើការងារស្នូល គឺ កិច្ចកាងារមនុស្សធម៌សង្គម តាមរយៈការស្វះស្វែងរក ទុរគតជន ចាស់ជរា ជនក្រីក្រ ពិការភាព ស្រ្តីមេម៉ាយ កុមារកំព្រា ដែលមានជីវភាពខ្វះខាតខ្លាំង នៅមូល ដ្ឋាន របស់ខ្លួន ដើម្បីផ្តល់អំណោយមនុស្សធម៌ឬអំណោយសង្រ្គោះបន្ទាន់ជួយដល់ពួកគាត់។
២-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ចូលរួមគាំទ្រ ការដឹកនាំនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាសវៃត្រឹមត្រូវរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
៣-សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព វាយបកប្រឆាំងជនអគតិមួយចំនួនដែល ផ្សាយព័ត៌មានមិនពិត មានចរិតញុះញុង លាបពណ៌ វាយប្រហារ មួលបង្កាច់បង្ខូចបំភ្លៃការពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក្នុងចេតនាអាក្រក់ដើម្បីបំបែកបំបាក់សាមគ្គីភាពជាតិខ្មែរ ។
មានមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ដែលទើបតែបង្កើតឡើងប៉ុន្តែបានរៀបចំកសាងបណ្ដាញយុវជនបានជាច្រើនខេត្តក្រុង។ឯកឧត្តមបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងក្នុងការកសាងបណ្ដាញយុវជនសេនាមរតកសន្តិភាពបន្ថែមទៀតឲ្យបានច្រើនទូទាំងប្រទេស។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា ក្នុងនាមជាយុវជនសេនាមរតកសន្តិភាព ត្រូវតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការមនុស្សធម៌សង្គមឱ្យបានគ្រប់ទិសទី ព្រមទាំង និងត្រូវចេះ ឆ្លុះបញ្ចាំង ប្រៀបធៀបអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់ពីសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដោយចាប់ផ្ដើមកសាងប្រទេសចាប់ពីបាតដៃទទេ រហូតដល់មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងការអភិវឌ្ឍន៍ប្រទេសរហូតដល់បច្ចុប្បន្ន ត្រូវបានទទួលស្គាល់លេចមុខលេចមាត់ទូទាំងសាកលលោក។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា សុខសន្តិភាព គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ។ នៅពេលដែលប្រទេសមួយមានសង្គ្រាម ពេលនោះទើបដឹងថា តម្លៃនៃសន្តិភាព មិនអាចដោះដូរបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ដូច្នេះយុវជនត្រូវខិតខំប្រឹងប្រែង ការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃសង្គ្រាមដែលជាមហន្តរាយដ៏ធំធេងរបស់មនុស្សជាតិ។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ប្រទេសមួយដែលមានភាពរីកចម្រើននិងមានភាពខ្លាំងគឺដោយសារតែមានធនធានមនុស្សដែលមានសមត្ថភាពនិងចំណេះដឹង។ដូច្នេះយុវជន ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពនិងចំណេះដឹងបន្ថែមទៀត ដើម្បីជាទំពាំងស្នងឬស្សីក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនជឿនលឿន។
ឯកឧត្តមបានរំលេចផងដែរ អំពីការថែរក្សាសុខភាព របស់យុវជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ។ពីព្រោះអ្វីៗក៏មិនសំខាន់ស្មើសុខភាពរបស់យើង។ កត្តាសុខភាពក៏បានចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ កុំឱ្យចំណាយពេលវេលាឥតប្រយោជន៍ជាមួយ ក្រុមជ្រុលនិយម ដែលតែងតែបង្កភាពវឹកវរ ឥតឈប់ឈរក្នុងចេតនា ញុះញង់ មូលបង្កាច់ បង្កចលាចល ។ឯកឧត្តមថា នយោបាយជ្រុលនិយមគឺគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ប៉ុន្តែត្រូវចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ដើម្បី ដឹកនាំ កសាង អភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានភាពរីកចម្រើនជឿនលឿនដូចអរិយប្រទេស។
ជាចុងក្រោយឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរការងារមនុស្សធម៌សង្គមរបស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ហើយសន្យានឹងចូលរួមគាំទ្រ សកម្មភាព កិច្ចការមនុស្សធម៌សង្គម ដើម្បីជួយដល់ទុរគតជន ចាស់ជរា កុមារកំព្រា ជនក្រីក្រ ជនពិការ ។ល។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ភឺន ផល្លា បានផ្ដល់កិត្តិយសចែកវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងផ្ដល់ឱកាសជូនសិក្ខាកាមបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយបំផុត។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនោះដែរឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៤ លានរៀលសម្រាប់ឧបត្ថម្ភដល់ការរៀបចំកម្មវិធី ចំណាយសម្រាប់អាហារសាមគ្គីរួមគ្នារបស់សមាជិកសមាជិកានៃសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព នៅទីស្នាក់ការកណ្ដាលនៃផងដែរ៕