បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រកាសត្រៀមបង្ក្រាប និងកម្ទេចរាល់ឧប្បាយកលញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព ទោះក្នុងតម្លៃណាក្

(ភ្នំពេញ):បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចេញសេចក្តីថ្លែងការបញ្ជាក់ថា៖ក្នុងរយៈពេលថ្មីៗនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញុងឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបាស់បោប្រឆាំងរាជរដ្ឋាភិបាលក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍។

-មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកបញ្ជាក់ពីជំហរដាច់ខាតដូចខាងក្រោម៖

១/បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ឈរជាជ្ឈមណ្ឌលសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនសើលលប់។

២/បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្តេជ្ញាការពារឲ្យខានតែបាននូវសន្តិភាពស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញុង ប៉ុនប៉ង បង្កចលាចលផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហឹងសា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

៣/បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ត្រៀមបង្ក្រាប និងកម្ទេចរាល់ឧប្បាយកលញុះញុងក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។

៤/បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចេញបទបញ្ជាឲ្យមេបញ្ជាការគ្រប់ កងឯកភាព ការិយាល័យផ្នែកចំណុះ នៃបញ្ជាការទ័ពពិសេស ត្រូវគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ចត់ ពង្រឹងវិន័យផ្ទៃក្នុង និងកំចាត់ឲ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕