(តាកែវ )៖ តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ បានសហការជាមួយអង្គការគោលដៅមនុស្សធម៌ ដែលមានលោក ឌេន សាហ្វី ជាប្រធាន បានចុះប្រគល់អណ្តូងទឹកស្អាតបំពាក់សុីតេនទឹក ចំនួន៣ ជូនសហគមន៍ សាសនិកឥស្លាមភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃ ពុធ១៣ រោច ខែ ពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ លោក ឌេន សាហ្វី ប្រធានអង្គការគោលដៅមនុស្សធម៌ លោក ហ្សេន សុះ ក្រុមប្រឹក្សាឃុំគោកពោធិ៍ ហាកឹមតួនសិស្សានុសិស្សនិងប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងពិធីនោះ លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាឥស្លាមប្រចាំខេត្តតាកែវ បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឌេន សាហ្វី ប្រធានអង្គការគោលដៅមនុស្សធម៌ ដែលលោកបានខិតខំគៀងគរសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភជា ថវិកា និងសម្ភារៈ ជំនួយមនុស្សធម៌ផ្សេងៗ ជាពិសេសអណ្តូងទឹកស្អាតបំពាក់សុីទេន យកមកប្រគល់ជូនសហគមន៍សាសនិកឥស្លាមនៅក្នុងភូមិកំពង់យោល ក៏ដូចជា ភូមិផ្សេងៗទៀតនៃសហគមន៍អ៊ីស្លាមស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវទាំងមូល។
លោកវេជ្ជបណ្ឌិតបានអំពាវនាវឲ្យបងប្អូនទទួលបានអណ្តូងទឹកនិងសុីតេន ត្រូវចេះថែរក្សាអោយបានល្អគង់វង្សយូរអង្វែង និងត្រូវប្រកាន់ភ្ជាប់នៅអនាម័យល្អ រស់នៅស្អាត លាងដៃនឹងសាប៊ូជានិច្ចដើម្បីបង្ការការរីករាលដាលនៃជំងឺផ្សេងៗ។
ប្រជាពលរដ្ឋបានសម្ដែងនូវការអបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឌេន សាហ្វី ប្រធានអង្គការគោលដៅមនុស្សធម៌ និង ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមគ្រប់ជាន់ថ្នាក់ ដែលបាននាំយកអំណោយជាអណ្ដូងទឹកស្អាតនិងស៊ីទែននេះជូនដល់ពួកគាត់។
គួរបញ្ជាក់ផងដែរថា អង្គការគោលដៅសប្បុរសធម៌ ជាអង្គការក្រៅរដ្ឋាភិបាល ដែលតែងតែធ្វើកិច្ចការមនុស្សធម៌ផ្សេងៗនៅតាមបណ្ដាភូមិស្រុកសហគមន៍សាសនិកឥស្លាមជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខេត្តតាកែវ ក្នុងនោះមានជំនួយសប្បុរសធម៌ អំណោយសង្គ្រោះបន្ទាន់ អំណោយស្រាយបួស អណ្ដូងទឹកស្អាត បង្គន់អនាម័យ ព្រមទាំងកិច្ចការមនុស្សធម៌ផ្សេងៗទៀត ៕