សិស្សក្រីក្រនៅស្រុកបន្ទាយស្រី ទទួលបានសម្ភារសិក្សា កង់ និងសម្លៀកបំពាក់ ពីអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

(សៀមរាប)៖ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកកង់ចំនួន ២៥គ្រឿង សម្ភារសិក្សា កីឡា ព្រមទាំងសម្លៀកបំពាក់ ជូនដល់សិស្សក្រីក្រ នៅអនុវិទ្យាល័យ ឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍លោកស្រី សឿន សុខសែន នាយិការអនុវិទ្យាល័យ ឃុនរាម បានលើកឡើងថា អនុវិទ្យាល័យនេះ មានអគារ១ខ្នង ៥បន្ទប់ និងការិយាល័យ១ មានគ្រូបង្រៀន ៦នាក់ ស្រី៤នាក់ ដែលមានសិស្សចូលសិក្សាសរុប ២៧២នាក់ ស្រី១៤៤នាក់ មាន៥ថ្នាក់។

ក្នុងនោះដែរ មានថ្នាក់ទី៧ ចំនួន២ថ្នាក់ ថ្នាក់ទី៨ ចំនួន២ថ្នាក់ និងទី៩ ចំនួន១ថ្នាក់។ លោកស្រីនាយិកាបានបន្តថា ក្នុងរយៈពេលកន្លងមកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក៏បានសាងសង់បង្គន់អនាម័យ បួនបន្ទប់ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារះសិក្សាទៀតផង។

លោកស្រី រុន សាវរី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកបន្ទាយស្រី ក៏បានធ្វើការថ្លែងអំណរគុណដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលតែងបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកបន្ទាយស្រី។

លោកស្រីបន្តទៀតថា អនុវិទ្យាល័យ និងវិទ្យាល័យនៅស្រុកបន្ទាយស្រី មានចំនួន៧ ដែលនឹងត្រូវបានទទួលកង់សរុប ១១៥កង់ ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន។ អំណោយកង់ទាំងនេះ ក៏ជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរទៅសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គមនៃក្រុមគ្រួសារ ដោយក្មួយៗនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍ សង្គមជាតិទៅអនាគត។

លោកស្រី ជេនី លីប៉ា អគ្គនាយកអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា និងលោក អេបី ចាកុប អគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ សម្តែងនូវភាពត្រេកអរបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យឃុនរាម កម្ពុជា រស់នៅក្រោមដំបូលសុខសន្តិភាព។

លោកទាំងពីរ បានបញ្ជាក់ថា អំណោយជូនដល់សិស្សក្រីក្រនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរឡើយ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។

ក្នុងនោះដែរ លោកទាំងពីរ ក៏បានផ្តល់ដំបូន្មានល្អៗមួយ ចំនួនដល់សិស្សានុសិស្ស គឺត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់បំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យា បាល ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ លោកថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។

ជាមួយនេះដែរ លោកអគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក៏បានបញ្ជាក់ថា អង្គការរ៉ូតារី នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការរ៉ូតារី ធ្វើទៅបានផងដែរ៕

Leave a Reply

Your email address will not be published.