ពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេចំនួន ២១គ្រួសារ នៅស្រុកពាមជរ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

(ព្រៃវែង)៖ លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេចំនួន ២១គ្រួសារ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

នាឱកាសនោះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុតចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់ ពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការសាងសង់ផ្ទះក្បែរច្រាំងទន្លេ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

លោក សុខ ផេង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។

សូមបញ្ជាក់ថា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ សរុបអ្នកចូលរួមចំនួន ៤២នាក់ ស្រី ២៩នាក់។

សម្ភារផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល៕

 

Leave a Reply

Your email address will not be published.